ផ្អែកលើទស្សនៈ គីម ជុងអ៊ីល តើកូរ៉េខាងជើងបច្ចុប្បន្នអាចធ្វើសង្រ្គាមរឺទេ ?

[…] ៨ឆ្នាំក្រោយ នៅឆ្នាំ២០០២ ការប្រឈមមុខរវាងកូរ៉េខាងជើង និងអាមេរិកក៏បានកើតឡើងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត ក្រោយពីលោកប៊ូស បានចាត់បញ្ចូលកូរ៉េខាងជើង ទៅក្នុងក្រុមប្រទេសបិសាច រួមជាមួយនឹងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់។ នៅពេលនោះ កូរ៉េខាងជើងបានប្រកាសលុបចោលកិច្ចព្រមព្រៀងជុំវិញសំណុំរឿងនុយក្លេអ៊ែរ ដែលបានចុះជាមួយអាមេរិក ហើយគំរាមប្រកាសសង្រ្គាម។ នៅទីបំផុត ភាពតានតឹងត្រូវបានបិទបញ្ចប់ តាមរយៈការចរចា ដែលនៅពេលនោះ ត្រូវធ្វើដោយមានវត្តមានចិន រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង ហើយបង្កើតទៅជាកិច្ចចរចា ៦ភាគី។ ជាថ្មីម្តងទៀត កូរ៉េខាងជើងប្រកាសថា ខ្លួនគឺជាអ្នកទទួលជោគជ័យ នៅក្នុងការប្រឈមមុខដាក់គ្នានេះ ដោយបានទាមទារឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្វើសម្បទាន ទៅតាមដែលកូរ៉េខាងជើងចង់បាន។
ចាប់ពីពេលនោះមក ការចរចាទៅលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងចេះតែអូសបន្លាយពេល។ កូរ៉េខាងជើងចេះតែទទួលបានជំនួយពីដៃគូចរចា ហើយក្នុងពេលជាមួយគ្នា ចេះតែនៅអាចបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រហូតឈានដល់ផលិតអាវុធនុយក្លេអ៊ែរបាន ដូចជាពេលសព្វថ្ងៃនេះ។
ចេញពីមេរៀនពីអតីតកាលទាំងនេះ លោកគីម ជុងអ៊ុន ដែលមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នទំនងជាបានទាញសេចក្តីសន្និដ្ឋានថា ការគំរាមបង្កសង្រ្គាម និងភាពអនាធិបតេយ្យ នៅឧបទ្វីបកូរ៉េ គឺជាយុទ្ធសាស្រ្តល្អបំផុតមួយ ដើម្បីទាមទារនូវអ្វីដែលខ្លួនចង់បាន ពីព្រោះថា ទាំងកូរ៉េខាងត្បូង ទាំងអាមេរិក ព្រមទាំងប្រទេសជាដៃគូផ្សេងទៀត សុទ្ធតែមិនចង់ឲ្យមានអស្ថិរភាពផ្ទុះឡើង នៅឧបទ្វីបកូរ៉េ ដែលជាតំបន់មានភាពលូតលាស់ខ្លាំងខាងផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច។
លោកគីម ជុងអ៊ុន ទំនងជាយល់ថា កន្លងមក ឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់ទទួលបាននូវអ្វីដែលគាត់ទាមទារចង់បាន តាមរយៈការប្រើយុទ្ធសាស្រ្តបែបនេះ ដូច្នេះ លោកក៏អាចបង្ខំឲ្យអាមេរិក និងសម្ព័ន្ធមិត្តធ្វើសម្បទានដល់កូរ៉េខាងជើង តាមរយៈការបង្កភាពតានតឹង និងគំរាមធ្វើសង្រ្គាមនេះដែរ ដើម្បីដល់ចុងបញ្ចប់ អាចប្រកាសអះអាងថា លោកគឺជាមេដឹកនាំ ដែលអាចធ្វើឲ្យប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ចុះញ៉មបាន។ ក៏ប៉ុន្តែ សួរថា តើសង្រ្គាមនុយក្លេអែររវាងកូរ៉េខាងជើង និង អាមេរិក អាចក្លាយជាប្រវត្តិសាស្រ្តច្រំដែលដូចឆ្នាំ 1994 និងឆ្នាំ 2002? នេះគឺជាសំណួរ និងជាក្តីបារម្ភ ដែលកំពុងចោទឡើង នៅពេលនេះ៕
Comments
Post a Comment