គីម ជុងអ៊ីល មេដឹកនាំផ្តាច់ការពោរពេញទៅដោយអាថ៌កំបាំង

នៅក្នុងមួយជីវិតរបស់គាត់ លោកគីម ជុងអ៊ីល បានប្រើកណ្តាប់ដៃដែក ដើម្បីដឹកនាំ ប្រទេសកូរ៉េខាងជើង ដោយមិនអើពើទៅនឹងការរិះគន់របស់បរទេសណាមួយឡើយ។ ប្រធានាធិបតី រូបនេះបានឡើងកាន់អំណាចនៅក្នុងវ័យ៥២ឆ្នាំ បន្ទាប់ពីមរណភាពរបស់ឳពុកលោក គឺលោក គីម អ៊ីលស៊ុង ។ លោក គីម អ៊ីលស៊ុង ជាអ្នកបង្កើតរបបសាធារណរដ្ឋប្រជាមានិតកូរ៉េ បន្ទាប់ពីសង្រ្គាមលោកលើកទីពីរមក ពោលគឺបែកចែកកូរ៉េជាពីររហូតដល់សព្វថ្ងៃ ។
មិនខុសពីឳពុកលោកត្រង់ណាសោះ លោកគីម ជុងអ៊ីលជាអ្នកស្នងតំណែងគ្រួសារគីមដែលមានចរិតសែនស្មោះស្ម័គ្រទៅនឹងបក្សកុម្មុយនិស្តកូរ៉េ។ ប៉ុន្តែបុរសដែលកាលពីនៅរស់តែងតែពាក់វ៉ែនតាខ្មៅ និងស្លៀកឯកសណ្ឋានពណ៌កាគីរូបនេះ ត្រូវបានបរទេសជាពិសេសពូកបស្ចិមប្រទេសចាត់ទុកជាមេដឹកនាំផ្តាច់ការ គ្មានត្រាប្រណី និងមិនមានហេតុផល។
ចាប់តាំងពីលោកកាន់អំណាចរយៈពេល១៧ឆ្នាំមក គ្រោះអត់ឃ្លានបានរឹតរួតប្រទេសមួយនេះ។ គ្រាន់តែប៉ុន្មានឆ្នាំដំបូងនៃការកាន់តំណែងរបស់លោក ប្រជាជនប្រមាណ១លាននាក់បានស្លាប់ដោយសារការអត់ឃ្លាន។ មេដឹកនាំដែលគេដាក់ងារនៅក្នុងប្រទេសថាជាមេដឹកនាំដ៏អស្ចារ្យរូបនេះបានដឹកនាំសេដ្ឋកិច្ចប្រទេសដោយបិទទ្វារជិត។ អំពើពុករលួយនឹងការប្រកាន់បក្សពួកក៏ជាមូលហេតុមួយទៀត ដែលជំរុញអោយប្រទេសនេះ កាន់តែក្រីក្រផងដែរ។
ផ្ទុយទៅវិញ លោកបែរជាខិតខំអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអែរ និងបាញ់កាំជ្រួចមីស្ស៊ីលដើម្បីគំរាមកំហែងប្រទេសកូរ៉េខាងត្បូង និងជប៉ុនដែលជាប្រទេសជិតខាងរបស់ខ្លូន។ ឥរិយាបថនេះហើយដែលបានបណ្តាលអោយអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមួយនេះ។លោកគីម ជុងអ៊ីលក៏ត្រូវបានគេមើលឃើញថាជាមេដឹកនាំពោរពេញដោយអាថ៌កំបាំងនៅលើឆាកនយោបាយអន្តរជាតិដោយសារតែលោកកម្រនឹងបញ្ចេញមតិជាសាធារណៈ និងស្ទើរតែមិនធ្វើដំណើរទស្សនកិច្ចនៅក្រៅប្រទេសណាសោះ។
បើតាមប្រវត្តិរូបជាផ្លូវការ លោកកើតនៅឆ្នាំ១៩៤២ នៅក្នុងជំរំមួយជាប់ព្រំដែនចិន ក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាមជាមួយជប៉ុន។ ប៉ុន្តែបើតាមអ្នកវិភាគបរទេសវិញ លោកកើតនៅក្នុងតំបន់មួយក្នុងអតីតទឹកដីសូវៀត ដែលជារុស្ស៊ីបច្ចុប្បន្ន។
មេដឹកនាំផ្តាច់ការរូបនេះបានបង្ហាញចរិតជាអ្នកបដិវត្តតាំងពីនៅបឋមសិក្សាដោយគាត់បានដឹកនាំក្បួនដង្ហែមួយទៅកាន់សមរភូមិប្រឆាំងទៅនឹងអាណានិគមជប៉ុន។ នៅពេលចូលមហាវិទ្យាល័យ គីម អ៊ីលស៊ុង លោកបានចាប់ផ្តើមរៀនលទ្ធិម៉ាក្សនិយម និងគោលកាណ៍បដិវត្តន៍ពីឳពុកលោកផ្ទាល់ផងដែរ។ នៅឆ្នាំ១៩៦៤ លោកបានឈានជើងចូលគណបក្សពលករដែលពេលនោះហើយ លោកបានទទួលតំណែងធំៗជាបន្តបន្ទាប់យ៉ាងលឿន។
នៅឆ្នាំ២០០៨ លោកបានធ្លាក់ខ្លូនឈឺធ្ងន់ដែលជាមូលហេតុធ្វើអោយលោកគិតគូរតែងតាំងកូនប្រុសពៅ គឺលោក គីម ជុងអ៊ុន បន្តតំណែងពីគាត់៕
ប្រភពពី ៖ RFI


Comments
Post a Comment